ភូមិនំបញ្ចុក - Phum Num Banh Chok
- ផ្លូវមាត់ស្ទឹងសៀមរាប (ជាប់កាហ្វេវប្បធម៌ស្ពាននាគ)
- 012 487 992
ធ្លាប់តែញ៉ាំនំបញ្ចុក តែធ្លាប់បានដឹងអំពីរបៀបធ្វើនំបញ្ចុកអត់ហ្នឹង? បើមិនធ្លាប់ទេ FoodBuzz មានកន្លែងពិសេសមួយចង់ណែនាំ ជាកន្លែងញ៉ាំថ្មីមួយ ដែលលោកអ្នកមិនគួររំលង ពេលបានទៅដល់ទឹកដីក្រុងអង្គរ។
ចាប់ផ្តើមឡើងជាមួយនឹងគោលបំណងក្នុងការបង្ហាញម្ហូបជាអត្តសញ្ញាណរបស់ខ្មែរយើងមួយនេះឲ្យជនបរទេសបានស្គាល់ ក៏ដូចជាផ្តល់នូវរសជាតិដ៏ពិសេសនៃនំបញ្ចុកខ្មែរ ដែលជារូបមន្តប្រចាំគ្រួសារជាង 30 ឆ្នាំ ជូនដល់អ្នកញ៉ាំគ្រប់រូប ទោះបីហាងនេះទើបតែបើកដំណើរការក្នុងពេលខ្លី តែជនជាតិខ្មែរក្តី បរទេសក្តី កំពុងជាប់ចិត្តនឹងរសជាតិដើមនៃនំបញ្ចុកនៅទីនេះ ។
បើធ្វើដំណើរតាមដងផ្លូវមាត់ស្ទឹងសៀមរាប (តម្រង់ទៅស្ពាននាគ) ដែលជាផ្លូវរាងតូច តែសែនត្រជាក់ដោយម្លប់ដើមឈើសងខាងផ្លូវ ជាប់នឹងកាហ្វេវប្បធម៌ លោកអ្នកនឹងឃើញស្លាកសញ្ញាតូចច្រឡឹងមួយបង្ហាញថាដល់«ភូមិនំបញ្ចុក»ហើយ។
បរិយាកាសនៅទីនេះពិតជាប្លែកភ្នែក ព្រោះថាក្រុមការងារ FoodBuzz មានអារម្មណ៍ថាដូចនៅផ្ទះខ្លួនឯង ឬភូមិតូចមួយ ដែលត្រូវបានរៀបចំ និងរចនាឡើងជាមួយនឹងបែបបទ និងសិល្បៈបែបខ្មែរ ហើយដែលសំខាន់នោះ គឺនៅក្បែរធម្មជាតិដ៏ស្រស់ត្រកាលតែម្តង។ នៅទីនេះ មានលក់នំបញ្ចុកធ្វើដោយហាងនេះផ្ទាល់ ដែលមានសម្លច្រើនជម្រើសរួមមានដូចជា សម្លប្រហើរខ្មែរ សម្លការី សម្លក្តាត ផាត់ឡូវ ទឹកប្រហុកអំបិលម្ទេស ទឹកត្រីពិសេស ចំណែកឯបន្លែវិញ សែនស្រស់ញញឹម និងមានតាមរដូវកាល។
អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ ការរៀបចំមួយឈុតៗ ពិតជាទាក់ភ្នែក លក្ខណៈថាឃើញហើយ មិនថតរូបមិនបាន។ សូម្បីតែចាន ថាស កែវ ក៏បែបបុរាណទាក់ភ្នែកដែរ ហើយនឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាដូចបានឆ្លងទៅកាន់សម័យដើមវិញម្ដងទៀត ញ៉ាំអាហាររសជាតិដើមនៅកណ្តាលទីក្រុងអង្គរ។
ក្រៅពីនំបញ្ចុក «ភូមិនំបញ្ចុក» ក៏មានលក់បបរ ទឹកអំពៅ និងដូងស្រស់ៗ រួមជាមួយនឹងបង្អែមខ្មែរយើង (នំបាញ់ឌុក បាញ់ចានឿកជាដើម) ជាគ្រឿងលាងមាត់ ក៏ដូចជាបំពេញបន្ថែមពីលើនំបញ្ចុកផងដែរ។
ចំណុចពិសេសមួយទៀតនោះ គឺ បើអ្នកទៅពេលព្រឹក (ចន្លោះពីម៉ោង 9 ទៅ 11) លោកអ្នកមិនត្រឹមតែបានញ៉ាំនំបញ្ចុករសជាតិដើមអ្នកសៀមរាបទេ ថែមទាំងអាចស្វែងយល់អំពីរបៀបធ្វើនំបញ្ចុក ហើយក៏អាចសាកល្បងធ្វើដោយផ្ទាល់ដៃទៀតផង។ ចំណេញបានទាំងរសជាតិឆ្ងាញ់ ថែមចំណេះដឹងអំពីមុខម្ហូបដែលជាកេរ្ត៍ដំណែលរបស់យើងទៀតផង!!!
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.